អារម្ភកថា | សៀវភៅណែនាំសិក្សា
នៅក្នុងការបោះពុម្ពលើកទី6 ជាភាសាខ្មែរ
សម័យកាលគឺផ្លាស់ប្តូរជានិច្ច។ ប៉ុន្តែនៅក្នុងនោះ យើងគ្រប់គ្នានៅតែត្រូវបន្តប្រឹងប្រែងកែលំអរបៀបនៃការរស់នៅរបស់មនុស្សគ្រប់រូបឲ្យកាន់តែមានសុភមង្គលជាងមុន។
«សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ត្រូវបានបោះពុម្ពជាលើកដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំ1997 និងទទួលបានការគាំទ្រច្រើនពីអ្នកអានជាបន្តបន្ទាប់ក្នុងនាមជាសៀវភៅសេចក្តីផ្តើមនៃក្រមរដ្ឋប្បវេណី ហើយឈានដល់ការបោះពុម្ពលើកទី6 គម្រប់ខួប 23ឆ្នាំ នាខែវិច្ឆិកា ឆ្នាំ2020។
ដូចបានជម្រាបជូននៅក្នុង «ការបោះពុម្ពលើកទី6 បុព្វកថា» រួចហើយថា ការរៀបចំបកប្រែជាភាសាខ្មែរនេះ អាចលេចជារូបរាងបានដោយសារការជ្រោមជ្រែងពី «សមាគមអ្នកច្បាប់ជប៉ុនកម្ពុជា» (JJL, សហតំណាងដោយ៖ លោកស្រីមេធាវី SAKURAGI KAZUYO និង លោកមេធាវី KIMURA SHINSUKE)។ ចាប់តាំងពីខែធ្នូ ឆ្នាំ2000 មក សៀវភៅនេះត្រូវបានបកប្រែជាបន្តបន្ទាប់ ហើយត្រូវបានយកទៅប្រគល់ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រសួងយុត្តិធម៌ គណៈមេធាវី និង សាលាភូមិន្ទចៅក្រម។ នៅឆ្នាំ2008 ការបោះពុម្ពលើកទី3 នៃសៀវភៅនេះ ត្រូវបានបកប្រែចប់ជាស្ថាពរ ហើយត្រូវបានប្រគល់ជូនស្ថាប័នពាក់ព័ន្ធខាងលើនេះផងដែរ។
ខ្ញុំលឺថា សៀវភៅបកប្រែនេះត្រូវបានគេហៅថាជា សៀវភៅលឿង ហើយត្រូវបានប្រើប្រាស់ក្នុងបរិបទជាច្រើន។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមួយដែលមានក្រមរដ្ឋប្បវេណីយ៉ាងទំនើបរួចហើយ ប៉ុន្តែ នាសម័យនោះ ខ្ញុំសង្ឃឹមថា សៀវភៅនេះ បានចូលរួមចំណែកទោះបីជាតិចតួចក៏ដោយ ដល់ការស្តារប្រទេសកម្ពុជាឡើងវិញ។
ក្រោយមកទៀត ដោយសារមានភាពចាំបាច់ក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបជាមួយនឹងការកែសម្រួលច្បាប់ដើម ការបោះពុម្ពលើកទី 5 (ឆ្នាំ2018) របស់សៀវភៅនេះ ត្រូវបានចាប់ផ្តើមបកប្រែឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីលោកមេធាវី SHINODA YOICHIRO ជំនាញការនៃអង្គការចៃកា (JICA) ដែលបានបំពេញបេសកកម្មនៅកម្ពុជាក្នុងពេលនោះ ។ ការបកប្រែថ្មីបំផុត នៃការបោះពុម្ពលើកទី6 (ឆ្នាំ2020) បានបកប្រែបញ្ចប់ស្ថាពរ ដោយអ្នកបកប្រែដ៏ជំនាញ គឺលោកឈឿន គុយអេង (បញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំច្បាប់ជប៉ុន (CJL), ហើយបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់នៅសាកលវិទ្យាល័យណាហ្គោយ៉ាប្រទេសជប៉ុន)។
នៅខែមេសា ឆ្នាំ2020 ប្រទេសជប៉ុនបានធ្វើវិសោធនកម្មទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេល 120ឆ្នាំនេះ ទៅលើផ្នែកស្តីពីសិទ្ធិលើបំណុល និង កិច្ចសន្យានៅក្នុងក្រមរដ្ឋប្បវេណី ហើយក្នុងពេលទន្ទឹមគ្នានេះ ផ្នែកស្តីពីសន្តតិកម្មក៏មានការធ្វើវិសោធនកម្មនូវចំណុចសំខាន់ៗមួយចំនួនផងដែរ។ ការបោះពុម្ពលើកទី6 នេះ បានបញ្ចូលនូវ វិសោធនកម្មទាំងអស់នេះ។ ដូចនេះ ការបោះពុម្ពលើកទី6 ជាភាសាខ្មែរនេះ គឺជាសៀវភៅដែលបង្ហាញអំពីក្រមរដ្ឋប្បវេណីថ្មីបំផុតរបស់ជប៉ុន ដូចមានក្នុងចំណងជើងស្រាប់។
ខ្ញុំនៅចងចាំយ៉ាងច្បាស់ នៅពេលដែលខ្ញុំបានមកប្រទេសកម្ពុជានៅចុងខែធ្នូ ឆ្នាំ2000 ដើម្បីចូលរួមពិធីដាក់បង្ហាញសៀវភៅបកប្រែនៃផ្នែកខ្លះៗជាលើកដំបូង និង បានធ្វើបទបង្ហាញជាអនុស្សាវរីយ៍ ហើយក្រោយមកទៀត ខ្ញុំនៅតែបន្តទៅធ្វើបទបង្ហាញនៅកម្ពុជាជាច្រើនលើកច្រើនសារ ស្របជាមួយនឹងដំណើរការនៃការបកប្រែ។ ខ្ញុំរីករាយយ៉ាងខ្លាំង ដោយមើលឃើញនូវការរីកចម្រើនរបស់កម្ពុជា នៅរាល់ពេលដែលខ្ញុំបានទៅ។
គិតចាប់តាំងពីពេលនោះមក រយៈពេល 20ឆ្នាំគត់ បានកន្លងផុតហើយ។ ការតាក់តែងក្រមរដ្ឋប្បវេណីថ្មីរបស់កម្ពុជានេះ ក៏មានការចូលរួមសហការពីអ្នកស្រាវជ្រាវច្បាប់ជប៉ុនជាច្រើនផងដែរ។ ពិតហើយថា ក្រមរដ្ឋប្បវេណីរបស់កម្ពុជាគឺខុសពីក្រមរដ្ឋប្បវេណីជប៉ុន ហើយមានផ្នែកខ្លះគឺក្រមរដ្ឋប្បវេណីកម្ពុជាមានលក្ខណៈទំនើបជាងក្រមរដ្ឋប្បវេណីជប៉ុនទៅទៀត ប៉ុន្តែ ខ្ញុំជឿជាក់ថា សៀវភៅនេះនឹងមានអត្ថប្រយោជន៍ដើម្បីស្វែងយល់ក្រមរដ្ឋប្បវេណីកម្ពុជាផងដែរ។
រឿងដែលសំខាន់បំផុតគឺ ក្រមរដ្ឋប្បវេណីគឺបង្កើតនូវវិធានដើម្បីឲ្យប្រទេសនីមួយៗ និងប្រជាជនគ្រប់រូបនៃបណ្តាប្រទេសទាំងនោះ កាន់តែរស់នៅដោយមានសុភមង្គល និងដោយមានសន្តិភាព។ ខ្ញុំរំពឹងថាសៀវភៅនេះ នឹងក្លាយជាស្ពាននាំឲ្យប្រទេសជប៉ុន និង ប្រទេសកម្ពុជាយល់ដឹងអំពីគ្នាទៅវិញទៅមកក្នុងនាមជា «មិត្ត» ក្នុងតំបន់អាស៊ី ហើយខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាអត្ថបទដែលអាចសិក្សាអំពី «គោលគំនិត» រួមនៃច្បាប់មូលដ្ឋានរបស់ប្រជាជនបាន ពោលគឺ «ក្រមរដ្ឋប្បវេណី»។
ជាចុងក្រោយ ខ្ញុំសូមអរគុណចេញពីចិត្តដល់អ្នកបកប្រែ គឺលោក ឈឿន គុយអេង។ ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះលោកស្រីមេធាវី SAKURAGI KAZUYO និង លោកមេធាវី KIMURA SHINSUKE នៃសមាគម JJL, លោកមេធាវី SHINODA YOICHIRO អតីតជំនាញការនៃអង្គការចៃកា ព្រមទាំងក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកឈឿន គុយអេង ដែលបានខិតខំប្រឹងប្រែងរៀបចំតាក់តែងការបោះពុម្ពលើកទី6 ជាភាសាខ្មែរនេះ។
ទីក្រុងតូក្យូ ខែ កុម្ភៈ ឆ្នាំ 2021
Masao IKEDA
Professor emeritus at Keio University
Dean, Graduate School of Law (Ex-Vice President) at Musashino University